ច្បាប់ និងបទបញ្ជាផ្សេងៗ
Post Date: 24 May , 2021
ច្បាប់ និង បទបញ្ជា
ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ គុណភាព និងគុណធម៌ខ្ពស់ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បាន បង្កើតនូវបទបញ្ជាផ្សេងៗ មានបទបញ្ជាស្តីពីការប្រឡងជ្រើសរើសសមណសិស្ស-សិស្សចូលរៀនថ្នាក់ ឆ្នាំសិក្សាមូលដ្ឋាន, នីតិវិធីជ្រើសរើសសាស្រ្តាចារ្យ និងគ្រូបង្រៀន, កិច្ចសន្យាគ្រូបង្រៀន, បទបញ្ជា ផ្ទៃក្នុងរបស់សមណនិស្សិត-និស្សិត, វិធាននៃការប្រឡង, បទបញ្ជាផ្ទៃក្នុងសម្រាប់ ការប្រើប្រាស់ បណ្ណាល័យ សេវាកម្មអ៊ីនធើណិត និង សោតទស្សន៍ ។
១. បទបញ្ជាផ្ទៃក្នុងសមណនិស្សិត និស្សិត
យោងៈ - អនុក្រឹតលេខៈ ៨៨ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០១ ស្ដីពីការបង្កើតអគ្គាធិការពុទ្ធិកសិក្សាជាតិនៃព្រះរាជាណាចក្រកម្ពុជា
- អនុក្រឹតលេខៈ០៥ អនក្រ.បក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៦ ស្ដីពីការប្រែក្លាយពុទ្ធិកមហាវិទ្យល័យព្រះសីហនុរាជទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
- ប្រកាសលេខៈ១៧៥ អយក.ប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨ ស្ដីពីការបង្កើតសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅទីរួមខេត្តបាត់ដំបង
- ស្មារតីអង្គប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្មវិធីសិក្សា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៨ ស្ដីពីការបង្កើតបទបញ្ជាផ្ទៃក្នុងសម្រាប់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង
- ភាពចាំបាច់របស់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង
សម្រេច
ជំពូក ១
បទបញ្ញត្តិទូទៅ
ប្រការ ១: គោលដៅ
បទបញ្ជាផ្ទៃក្នុងនេះ មានគោលដៅកំណត់អំពីការអនុវត្តនូវលក្ខខណ្ឌនៃការសិក្សា ឲ្យស្របទៅនឹងច្បាប់ស្ដីពីការអប់រំនៃព្រះរាជាណាចក្រកម្ពុជា
ប្រការ ២: គោលបំណង
បទបញ្ជាផ្ទៃក្នុងនេះ មានគោលបំណងគ្រប់គ្រង និងបណ្ដុះបណ្ដាលសមណនិស្សិត-និស្សិត ឲ្យមានជំនាញ ចំណេះដឹង ចំណេះធ្វើ ប្រកបដោយប្រសិទ្ធភាព គុណភាព ក្រមសីលធម៌ និងគុណធម៌ខ្ពស់ សំដៅជម្រុញឲ្យសមណនិស្សិត-និស្សិត ស្គាល់ ស្រឡាញ់ អភិរក្ស និងអភិវឌ្ឍ ព្រះពុទ្ធសាសនា អត្តសញ្ញាណជាតិ វប្បធម៌ អរិយធម៌ និងមនសិការជាតិខ្ពស់។
ប្រការ ៣: វិសាលភាពអនុវត្តន៍
បទបញ្ជាផ្ទៃក្នុងនេះ មានវិសាលភាពជាទូទៅលើគ្រប់កម្មវិធីសិក្សា ការស្រាវជ្រាវ អប់រំ បណ្ដុះបណ្ដាលលើមុខវិជ្ជាឯកទេស សម្រាប់សមណនិស្សិត-និស្សិត ដែលសិក្សានៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង។
ជំពូក ២
ការសិក្សា
ប្រការ ៤: សមណនិស្សិត-និស្សិត ដែលសិក្សានៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ត្រូវដាក់ពាក្យសុំចូលរៀនតាមឆ្នាំសិក្សានីមួយៗជាដាច់ខាត។
ប្រការ ៥: ការសិក្សាត្រូវបានកំណត់ដូចតទៅៈ
ក. ថ្ងៃសិក្សា
- ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ
- សម្រាប់ថ្ងៃសីល សមណនិស្សិត-និស្សិតទាំងអស់ ត្រូវនិមន្ត-អញ្ជើញឲ្យបានមុន១៥នាទី ជាកំណត់ ដើម្បីនមស្ការព្រះរតនត្រ័យ សមាទានសីល និងធ្វើសមាធិ។
ខ. ម៉ោងសិក្សា
- ពេលព្រឹកៈ ចាប់ពីម៉ោង ៧:០០ នាទី ដល់ម៉ោង ១០:០០នាទី
- ពេលល្ងាចៈ ចាប់ពីម៉ោង១៤:០០ នាទី ដល់ម៉ោង១៧: នាទី
គ. ថ្ងៃឈប់សម្រាក
ប្រការ ៦: សមណនិស្សិត-និស្សិត ត្រូវសូត្រធម៌មុនពេលចូលរៀន និងពេលចេញពីរៀនឲ្យបានទៀងទាត់។
ប្រការ ៧: ពេលគ្មានសាស្រ្តាចារ្យបង្រៀន សមណនិស្សិត-និស្សិតត្រូវរក្សាភាពស្ងៀមស្ងាត់ ដោយរង់ចាំពី ១៥ នាទី ទៅ ២០ នាទី ប្រធាន ឬ អនុប្រធានថ្នាក់ ត្រូវទៅទំនាក់ទំនងព័ត៌មានពីគណៈគ្រប់គ្រងនៃពុទ្ធិកមហាវិទ្យាល័យនីមួយៗ ឬការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។
ប្រការ ៨: សមណនិស្សិត-និស្សិត ត្រូវចូលរួមយ៉ាងសកម្មក្នុងកម្មវិធីផ្សេងៗ ដែលគណៈគ្រប់គ្រងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានរៀបចំឡើង។
- ត្រូវគោរពម៉ោងសិក្សាឲ្យបានទៀងទាត់។ ការមកយឺត ឬចេញមុន១៥នាទី ត្រូវមកសុំកាតលឿង ពីការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬគណៈគ្រប់គ្រងពុទ្ធិកមហាវិទ្យាល័យនីមួយៗ។
- ត្រូវចូលរួមគ្រប់សកម្មភាពសិក្សា បំពេញកិច្ចការ ក្នុងថ្នាក់រៀន និងកិច្ចការស្រាវជ្រាវដែលសាស្រ្តាចារ្យទទួលបន្ទុកលើមុខវិជ្ជានីមួយៗប្រគល់ឲ្យ។
ជំពូក ៣
ការផ្ដល់ពិន្ទុលើការសិក្សា
ប្រការ ៩: គោលការណ៍នៃការផ្ដល់ពិន្ទុ ត្រូវបានកំណត់ដូចខាងក្រោម
- លក្ខខណ្ឌរួមនៃការផ្ដល់ពិន្ទុ
- ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
- វត្តមាន ១០ ភាគរយ
- កិច្ចការស្រាវជ្រាវ ១០ ភាគរយ
- ប្រឡងពាក់កណ្ដាលឆមាស ២០ ភាគរយ
- ប្រឡងបញ្ចប់ឆមាស ៦០ ភាគរយ
ពិន្ទុសរុប ១០០ ភាគរយ
- វត្តមាន ២០ ភាគរយ
- កិច្ចការស្រាវជ្រាវ ២០ ភាគរយ
- ប្រឡងពាក់កណ្ដាលឆមាស ២០ ភាគរយ
- ប្រឡងបញ្ចប់ឆមាស ៤០ ភាគរយ
ពិន្ទុសរុប ១០០ ភាគរយ
- ការប្រឡងពាក់កណ្ដាលឆមាស និងបញ្ចប់ឆមាសនៃឆ្នាំសិក្សានីមួយៗ ត្រូវបានរៀបចំឡើងដោយ គណៈគ្រប់គ្រងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង។
ប្រការ ១០: ការឈប់របស់សមណនិស្សិត-និស្សិតៈ
ក. ការឈប់ឥតច្បាប់
- ឈប់ ៣ដង ត្រូវទទួលការទូន្មាន ដោយការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬគណៈគ្រប់គ្រងតាមពុទ្ធិកមហាវិទ្យាល័យនីមួយៗ។
- ឈប់ ៦ដង លើកទីមួយ ត្រូវទទួលការព្រមាន ដោយក្រុមប្រឹក្សាវិន័យ។ លើកទីពីរ ក្រុមប្រឹក្សាវិន័យ នឹងធ្វើសំណើរទៅគណៈគ្រប់គ្រងពុទ្ធិកមហាវិទ្យាល័យ ដើម្បីពិនិត្យនិងសម្រេច។
- ឈប់ ៤ដង ឡើងទៅក្នុងមួយឆមាស លើមុខវិជ្ជណាមួយ មិនអនុញ្ញាតឲ្យប្រឡង ហើយត្រូវរៀនសងលើមុខវិជ្ជានោះឡើងវិញ។
ខ. ការឈប់មានច្បាប់
- ឈប់ ៦ដង ត្រូវទទួលការណែនាំ ដោយការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬគណៈគ្រប់គ្រងតាមពុទ្ធិកមហាវិទ្យាល័យនីមួយៗ។
- ឈប់ ៦ដង ឡើងទៅ ក្នុងមួយឆមាស លើមុខវិជ្ជាណាមួយ មិនអនុញ្ញាតឲ្យប្រឡង ហើយត្រូវរៀនសងលើមុខវិជ្ជានោះឡើងវិញ។
គ. រយៈពេលនៃការសុំច្បាប់
- ការអនុញ្ញាតឲ្យសុំច្បាប់បាន លុះត្រាតែមានហេតុផលគ្រប់គ្រាន់ ច្បាស់លាស់ ជាលាយលក្ខអក្សរ វៀរលែងតែករណីចាំបាច់។
- ពី១ថ្ងៃ-៣ថ្ងៃ ត្រូវអនុញ្ញាតដោយព្រឹទ្ធបុរស នៃសាខាពុទ្ធិកមហាវិទ្យាល័យ ឬការិយាល័យនីមួយៗ។
- ពី៤ថ្ងៃឡើងទៅ ត្រូវអនុញ្ញាតដោយប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង។
ប្រការ ១១: ការប្រឡងសង្រ្គោះ (ប្រឡងសង)
សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង អនុញ្ញាតឲ្យសមណនិស្សិត-និស្សិត ប្រឡងសង្រ្គោះបាន តែត្រូវគោរពតាមលក្ខលណ្ឌដូចខាងក្រោមៈ
- មករៀនទៀងទាត់តាមមុខវិជ្ជានីមួយៗ លើកលែងក្នុងប្រការ១០
- ក្នុងមួយឆមាស បើមានមុខវិជ្ជាធ្លាក់លើសពីរមុខឡើងទៅមិនអនុញ្ញាតឲ្យប្រឡងសង្គ្រោះឡើយ គឺត្រូវរៀនសងលើមុខវិជ្ជានោះវិញ។
- សមណនិស្សិត-និស្សិត អាចបំពេញទ្រង់បែបបទសុំប្រឡងសង្គ្រោះបានពីរដង លើមុខវិជ្ជានីមួយៗតាមការកំណត់់
ៈ
- លើកទីមួយ ត្រូវបង់ប្រាក់ ៤០,០០០រៀល (សែសិបពាន់រៀល)
- លើកទីពីរ ត្រូវបង់ប្រាក់ ៨០,០០០រៀល (ប៉ែតសិបពាន់រៀល)
ក្នុងករណី ប្រឡងសង្គ្រោះទាំងពីរលើកមិនជាប់ ត្រូវរៀនសងលើមុខវិជ្ជានោះៗវិញ។
ជំពូក៤
អភិសមាចារ និងអនាម័យ
ប្រការ ១២: អភិសមាចារ
ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ចរិយាធម៌ សុជីវធម៌ សមណនិស្សិត-និស្សិតគ្រប់រូប ត្រូវមានក្រមសីលធម៌ក្នុងពេលសិក្សាៈ
- ត្រូវពាក់ប័ណ្ណសម្គាល់សមណនិស្សិត-និស្សិត ឲ្យបានជាដាច់ខាត
- មិនត្រូវធ្វើសកម្មភាពទាំងឡាយណា ដែលរំខានដល់ការសិក្សារៀនសូត្រ ឬខូចរបៀបរៀបរយក្នុងសាខាពុទ្ធិកសាកលវិទ្យាល័យ។
- ពេលសាស្រ្តាចារ្យកំពុងបង្រៀនត្រូវបិទសម្លេងទូរស័ព្ទរោទ៍ និងមិនត្រូវនិយាយទូរស័ព្ទក្នុងបន្ទប់រៀន។
- ក្នុងម៉ោងសិក្សា សមណនិស្សិត-និស្សិត ដែលមានកិច្ចការចេញទៅខាងក្រៅថ្នាក់រៀន ត្រូវសុំការអនុញ្ញាតពីសាស្រ្តាចារ្យជាមុនសិន។
- សមណនិស្សិតគ្រប់រូប ត្រូវកោរសក់រៀងរាល់កន្លះខែម្ដង វៀរលែងតែមានអាពាធ។ ចំពោះនិស្សិត ត្រូវកាតសក់ឲ្យបានសមរម្យ ហើយមិនអនុញ្ញាតឲ្យលាបពណ៌សក់ខុសពីពណ៌សក់ធម្មជាតិ។
- មិនត្រូវស្រែកឡូឡា ឬប្រើពាក្យអាសអាភាស គ្រោតគ្រាត។
- ការប្រាស្រ័យទាក់ទងគ្នា ត្រូវប្រើសម្ដីទន់ភ្លន់ សុភាពរាបសា សមរម្យ ទៅតាមឋានៈ និងភេទ។
- មិនត្រូវប្រព្រឹត្តអំពើពាលាផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងកិត្តិយសរបស់ពុទ្ធិកសាកលវិទ្យាល័យ។
- មិនត្រូវយកសាស្រ្តាវុធ គ្រឿងស្រវឹង គ្រឿងញៀនគ្រប់ប្រភេទ ចូលក្នុងបរិវេណពុទ្ធិកសាកលវិទ្យាល័យ។
- ពេលចូលបរិវេណពុទ្ធិកសាកលវិទ្យាល័យ ត្រូវដោះមួក និងត្រូវចតមធ្យោបាយធ្វើដំណើរតាមការកំណត់របស់គណៈគ្រប់គ្រង។
- មិនត្រូវយកពុទ្ធិកសាកលវិទ្យាល័យ ធ្វើជាវេទិកានយោបាយឡើយ។
- មិនត្រូវយកទីតាំង ឬឈ្មោះពុទ្ធិកសាកលវិទ្យាល័យ ចូលរួមធ្វើបាតុកម្ម កូដកម្ម និងកុបកម្មដើម្បីបម្រើឲ្យផលប្រយោជន៍បុគ្គល ឬក្រុមណាមួយ។
- ការប្រើប្រាស់ចីវរប្បច្ច័យ ត្រូវកំណត់ដូចខាងក្រោមៈ
ក. សមណនិស្សិត
- ត្រូវស្លៀកស្បង់គ្រងចីវរពណ៌ក្រាក់ខ្នុរ ជាបរិមណ្ឌល និងចងវត្ថពន្ធទ្រូង តាមពុទ្ធវិន័យ
ខ. និស្សិត
- បុរសត្រូវពាក់អាវពណ៌ផ្កាឈូក និងស្លៀកខោពណ៌ខ្មៅ ឬខៀវ ហើយស៊កអាវក្នុងខោ និងពាក់ទ្រនាប់ជើងឲ្យសមរម្យ។
- ស្រ្តីត្រូវពាក់អាវពណ៌ផ្កាឈូក សំពត់បត់ក្រោមជង្គង់ ពណ៌ខ្មៅ ឬខៀវ ហើយស៊កអាវក្នុងសំពត់ និងពាក់ទ្រនាប់ជើងឲ្យសមរម្យ។
- ហាមស្លៀកខោ ឬសំពត់ខាវប៊យ។
ប្រការ ១៣: អនាម័យ
ដើម្បីរក្សាសោភណភាព បរិស្ថានល្អ ធានាបាននូវសុខុមាលភាព និងអនាម័យល្អ សមណនិស្សិត-និស្សិត ត្រូវអនុវត្តដូចខាងក្រោមៈ
- មិនអនុញ្ញាតឲ្យពាក់ទ្រនាប់ជើងចូលក្នុងបន្ទប់រៀនឡើយ ហើយត្រូវទុកដាក់ទ្រនាប់ជើងឲ្យមានរបៀបរៀបរយ។
- ត្រូវជួយថែរក្សា អនាម័យក្នុងបន្ទប់សិក្សា និងបរិវេណសាខាពុទ្ធិកសាកលវិទ្យាល័យទាំងមូល ឬទីកន្លែងសាធារណៈនានា តាមការរៀបចំ ចង្អុលបង្ហាញរបស់គណៈគ្រប់គ្រង
- ហាមគូសវាស ធ្វើកណត់សម្គាល់ សរសេរលើតុ ជញ្ជាំង ជាដាច់ខាត
- ត្រូវចោលកាកសំណល់ផ្សេងៗក្នុងធុងសម្រាម
- ហាមទុកកាកសំណល់ផ្សេងៗ ក្នុងថតតុ ឬបន្ទប់ទឹក
- ហាមទទួលទានចំណីអាហារ និងជក់បារីក្នុងបន្ទប់សិក្សា។
ជំពូក៥
ទោសប្បញ្ញត្តិ
ប្រការ ១៤: ការដាក់ទោសទណ្ឌ
ពុទ្ធិកសាកលវិទ្យាល័យ មានវិធានការអនុវត្តទៅលើសមណនិស្សិត-និស្សិតណាដែលប្រព្រឹត្តបទល្មើសរួមមានៈ
- ការទូន្មាន ស្ដីបន្ទោស ឬព្រមាន ដោយផ្ទាល់មាត់ ឬដោយការសរសេរជាលាយសក្ខអក្សរ
- រាយការណ៍ប្រគេន-ជូនឪពុកម្ដាយ ឬអាណាព្យាបាលសមណនិស្សិត-និស្សិត អំពីការប្រព្រឹត្តខុសរបស់សមណនិស្សិត-និស្សិត
- ផ្អាកការសិក្សាជាបណ្ដោះអាសន្ន ក្នុងពេលកំណត់ជាក់លាក់ណាមួយ ឬបញ្ឍប់ជាស្ថាពរ
- មិនផ្ដល់ព្រឹត្តិបត្រពិន្ទុ ឬលិខិតបញ្ជាក់ផ្សេងៗ ប្រសិនបើ សមណនិស្សិត-និស្សិត មិនព្រមបំពេញកាតព្វកិច្ច ដែលពុទ្ធិកសាកលវិទ្យាល័យដាក់ឲ្យធ្វើ។
- កំណត់ទោសទណ្ឌធ្ងន់ ស្រាល តាមការប្រព្រឹត្តជាក់ស្ដែង។
ជំពូក៦
អវសានប្បញ្ញត្តិ
ប្រការ ១៥: ព្រឹទ្ធបុរស គ្រប់ការិយាល័យ សាស្រ្តាចារ្យ សមណនិស្សិត-និស្សិតនៃសាខាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ខេត្តបាត់ដំបង ត្រូវសហការអនុវត្តបទបញ្ជាផ្ទៃក្នុងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ប្រការ ១៦: រាល់បទបញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីបទបញ្ជាផ្ទៃក្នុងនេះ ត្រូវទុកជានិរាករណ៍។
ប្រការ ១៧: បទបញ្ជាផ្ទៃក្នុងនេះ អាចកែប្រែបានក្នុងករណីចាំបាច់។
ប្រការ ១៨: បទបញ្ជាផ្ទៃក្នុងនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា និង ប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៩ ដោយសម្តេចព្រះសាកលវិទ្យាធិការ បស្សទ្ធិពោជ្ឈង្គោ នន្ទ ង៉ែត។