ធម្មយាត្រា Post Date: 30 July , 2020


ដោយសារប្រទេសកម្ពុជា បានធ្លាក់ចុះក្នុងភ្នក់ភ្លើងសង្រ្គាមស៊ីវិលនៅទសវត្សរ៍ទី៧០ និងបន្ដហែកហូរវាយប្រហារគ្នាទៅវិញទៅមក រវាងកងកម្លាំងរដ្ឋាភិបាលក្រុងភ្នំពេញ និងភាគីតស៊ូប្រដាប់អាវុធឬទ័ពព្រៃ មានខ្មែរក្រហមជាដើមរហូតដល់ទសវត្សរ៍៩០ បណ្ដាលឲ្យប្រជាជនខ្មែររាប់សែននាក់បានបាត់បង់ជីវិត ពិការ អនាថាគ្មានទីពឹងនិងរាប់ពាន់នាក់ក្លាយជាជនភៀសសឹកនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ដោយឡែក តាមរយៈកិច្ចចរចាសន្ដិភាពទីក្រុងប៉ារីសថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ខ្មែរគ្រប់ភាគីទាំងអស់បានយល់ព្រមទម្លាក់អាវុធ ហើយបង្កើតជាគណបក្សនយោបាយដើម្បីចូលរួមបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអាជ្ញាធរបណ្ដោះអាសន្ននៅកម្ពុជារបស់អង្គការសហប្រជាជាតិ (អ៊ុន តាក់) ។ ទន្ទឹមនឹងនោះ សម្ដេចព្រះមហាឃោសនន្ទ ដែលជាវិរសង្ឃខ្មែរមួយអង្គមួយអន្លើដោយបព្វជិតសាសនាអន្ដរជាតិផ្សេងៗទៀតដែលតែងយកព្រះទ័យទុកដាក់ ខ្នះខ្នែង បឹ្រងប្រឹងក្នុងការកសាងវត្តអារាម បំបួសព្រះសង្ឃឡើងវិញនិងចុះជួយជនភៀសសឹកខ្មែរនៅតាមជំរុំនានាពេលស្រុកកើតកលិយុគនោះ ហើយដើម្បីជាការបន្ដរួមចំណែកចូលរួមកសាងសន្ដិភាព និងផ្សះផ្សាជាតិជាមួយរាជរដ្ឋាភិបាលស្របពេលដែលភាគីខ្មែរទាំងអស់ព្រមជួបចរចា និងមានការជ្រោមជ្រេងគាំទ្រពីអង្គការជាតិ និងអន្ដរជាតិ ព្រះអង្គបានផ្ដួចផ្ដើមនិងដឹកនាំធ្វើដំណើរដើម្បីសន្ដិភាពដែលហៅថាធម្មយាត្រាចាប់តាំងពីឆ្នាំ១៩៩២មក ចំនួន៦លើកជាបន្ដបន្ទាប់ដោយផ្ទាល់ព្រះអង្គលើប្រធានផ្សេងៗដូចខាងក្រោម៖

ធម្មយាត្រាលើកទី១ ដើម្បីសន្ដិភាព និងផ្សះផ្សាជាតិ (១៩៩២)

នៅថ្ងៃទី១២ មេសា ឆ្នាំ១៩៩២ សម្ដេចព្រះមហាឃោសានន្ទ បានដឹកនាំធម្មយាត្រាលើកទី១ ដើម្បីសន្ដិភាពនិងការផ្សះផ្សាជាតិ ដែលមានរយៈពេល១ខែ នៅភាគខាងជើងនៃប្រទេសកម្ពុជា។ ធម្មយាត្រាលើកទី១នេះ ទទួលបាននូវការអបអរសាទរយ៉ាងធំធេង និងទូលំទូលាយពីមហាជន ដែលជាការចាប់ផ្ដើមនៃការវិលត្រឡប់មកវិញនៃជនភៀសខ្លួនខ្មែរ មកកាន់មាតុភូមិវិញពីជំរុំ ដោយមានការចូលរួមពីព្រះសង្ឃខ្មែរ ស្រីលង្ការ ថៃឡង់ដ៍ និងជប៉ុន រួមទាំងជនភៀសខ្លួនរាប់រយអ្នកនាក់។ ក្បួនធម្មយាត្រាបានមកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៣ ឧសភា ចំថ្ងៃបុណ្យពិសាខបូជា ហើយចំនួនអ្នកចូលរួមកើនឡើងដល់ជាងមួយពាន់នាក់។

ធម្មយាត្រាលើកទី២ ដើម្បីកាត់បន្ថយអំពើហិង្សាផ្នែកនយោបាយ និងការប្រើប្រាស់សិទ្ធិបោះឆ្នោត (១៩៩៣)

ដំណើរធម្មយាត្រាលើកនេះ រៀបចំឡើងនៅក្នុងឆ្នាំ១៩៩៣ មុនការបោះឆ្នោតក្នុងបំណងដើម្បីលើកទឹកចិត្តប្រជាជនកុំឲ្យមានការភ័យខ្លាច អំពើហិង្សា ការបំភិតបំភ័យផ្នែកនយោបាយ និងការប្រើប្រាស់សិទ្ធិក្នុងការបោះឆ្នោត។ មានព្រះសង្ឃ ដូនជី ឧបាសក ឧបាសិកាចូលរួមប្រមាណជាង៤០០នាក់ ស្ម័គ្រចិត្តធ្វើដំណើរដោយថ្មើរជើងមួយចំហានម្ដងៗក្នុងចំងាយផ្លូវ៣៥០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៣ដែលកំពុងហែកហួរដោយសង្រ្គាមគឺខេត្តសៀមរាប កំពង់ធំ និងកំពង់ចាម ហើយឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ។

ធម្មយាត្រាលើកទី៣ អំពីព្រឹត្តិការណ៍នៃការបោះឆ្នោត (១៩៩៤)

នៅឆ្នាំ១៩៩៤ ធម្មយាត្រាលើកទី៣ បានប្រារព្ធធ្វើនៅតំបន់ភាគខាងលិចនៃប្រទេសកម្ពុជាជាទឹកដីដែលកំពុងហែកហួរគ្នាដោយសង្រ្គាម អ្នកដើរក្បួនធម្មយាត្រាបានជាប់នៅក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហមនិងកងកម្លាំងរបស់រដ្ឋាភិបាល ដែលបានធ្វើគុតព្រះសង្ឃ និងដូនជីមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ សម្ដេចព្រះមហានឃោសនន្ទ ទ្រង់នៅតែបន្ដដំណើរធម្មយាត្រាទៅមុខជានិច្ច។ អ្នកស្រីអ៊ីលីហ្សាប៊ែត បីនស្ទេន (Elizabeth Bernstein) ជាអ្នកធ្វើធម្មយាត្រាម្នាក់បាននិយាយថា គ្រានោះនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៩៤ ធម្មយាត្រាបានឆ្លងកាត់តំបន់ដែលមានសង្រ្គាមកំពុងប្រយុទ្ធគ្នា។ ព្រះសង្ឃប្រមាណ ៤៥០អង្គ និងដូនជីចំនួន ២៥០នាក់ ព្រមទាំងឧបាសក ឧបាសិកាចំនួន ១០០នាក់ បានប្រមូលផ្ដុំគ្នានៅវត្តបវេលនៃខេត្តបាត់ដំបង។ ក្រោយពេលបញ្ចប់ធម្មយាត្រា នៅថ្ងៃទី ២៧-២៨ ខែឧសភា សម្ដេចព្រះមហាឃោសនន្ទ បាននិមន្ដយាងទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមពិភាក្សាអំពីសន្ដិភាព “សន្ដិភាពជាចំណុចមកដល់ និងជាចំណុចចេញដំណើរ”។

ធម្មយាត្រាលើកទី៤ អំពីគ្រាប់មីន (១៩៩៥)

ខែឧសភា ឆ្នាំ១៩៩៥ សម្ដេចព្រះមហាឃោសនន្ទ ទ្រង់បានដឹកនាំធម្មយាត្រាលើកទី៤ ចេញពីប្រទេសថៃឡងដ៏ឆ្លងកាត់ប្រទេសកម្ពុជា ឆ្ពោះទៅខេត្តស្វាយរៀងជាប់ព្រំដែនប្រទេសវៀតណាម ដោយផ្ដោតលើការហាមប្រាមគ្រាប់មីន និងដើម្បីការទាក់ទាញការយកចិត្តទុកដាក់មកលើប្រទេសកម្ពុជាដែលមានមីនចំនួនជាង ១០លានគ្រាប់បង្កប់នៅក្នុងដី។ គ្រាប់មីនទាំងនោះ នៅតែបន្ដសម្លាប់ និងធ្វើឲ្យរបួសដល់កុមារនិងគ្រួសារកសិកររាប់រយនាក់ក្នុងមួយឆ្នាំៗ។ ក្នុងពេលកំពុងធ្វើធម្មយាត្រាពុទ្ធសាសនិកបានប្រមូលផ្ដុំស្នាមមេដៃចំនួន ២០,០០០នាក់ ដែលបានគាំទ្រដល់យុទ្ធនាការហាមឃាត់ការប្រើប្រាស់មីន។ នៅព្រំដែនខ្មែរ-ថៃ ក្បួនធម្មយាត្រា បានជួបស្វាគមន៍ជាមួយក្បួនដំណើរនៃអន្ដរសាសនាដើម្បីសន្ដិភាព ដែលបានចាកចេញពីបន្ទាយឃុំឃាំងមនុស្សនៅអ៊ូសឆ្វិចស្ស៍ (Auschwitz) នៃប្រទេសប៉ូឡូញកាលពីឆ្នាំមុនក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន ដើម្បីធ្វើបុណ្យរំឮកខួបទី៥០ឆ្នាំ នៃការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ា។ មិនតែប៉ុណ្ណោះ សម្ដេចព្រះមហាឃោសនន្ទ ទ្រង់ក៏បានយាងទៅកាន់ទីក្រុងប្រូវីដង់ រដ្ឋរ៉ូដអាយឡែន សម្ដេចគង់នៅទីនោះមួយរយៈដើម្បីជួបជាមួយក្រុមមេដឹកនាំសាសនា រួមទាំងសកម្មជនសន្ដិភាព ដែលបានប្រមូលផ្ដុំគ្នាសូត្រធម៌ និងធ្វើការបួងសួងចំពោះភាពជោគជ័យនៃធម្មយាត្រា មេដឹកនាំសាសនា និងសកម្មជនសន្ដិភាពទាំងនោះ បានអំពាវនាវសុំឲ្យបញ្ឈប់ទាំងស្រុងនូវការប្រើប្រាស់ ការផលិត ការលក់ និងការទិញគ្រាប់មីន។ សេចក្ដីអំពាវនាវនោះ បានលើកឡើងនៅក្នុងសន្និសីទកាសែតមួយដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលពុទ្ធសាសនានៅទីក្រុង ញ៉ូអ៊ីងឡែន។

ធម្មយាត្រាលើកទី៥ អំពីព្រៃឈើ (១៩៩៦)

ឆ្នាំ១៩៩៦ សម្ដេចព្រះមហាឃោសនន្ទ ទ្រង់មានព្រះទ័យខ្វល់ខ្វាយយ៉ាងខ្លាំងអំពីបរិស្ថាន និងការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ សម្ដេចបានដឹកនាំធម្មយាត្រាលើកទី៥នេះ ផ្ដោតលើការយកចិត្តទុកដាក់ទៅលើការបាត់បង់ព្រៃឈើ អំពីការរំលោភបំពានដោយអំណាចយោធា ការកាប់ឈើខុសច្បាប់ និងការបន្ដសង្គ្រាមស៊ីវិល។ សម្ដេចបានចង្អុលបង្ហាញអំពីទំនាក់ទំនងរវាងព្រៃឈើជាមួយជីវិតនៅក្នុងពុទ្ធប្បញ្ញតិ្ត។ ក្បួនធម្មយាត្រានេះ បានធ្វើឡើងដើម្បីសម្ដែងនូវការព្រួយបារម្ភចំពោះអំពើហិង្សាដែលកើតពីការបន្ដប្រយុទ្ធគ្នា។ ធម្មយាត្រានេះ មានមនុស្សចូលរួមចំនួន ៧០០នាក់ ដែលធ្វើដំណើរឆ្លងកាត់ខេត្តមួយចំនួនដែលទទួលរងពីការកាប់ព្រៃឈើធ្ងន់ធ្ងរជាងគេ ហើយបានធ្វើពិធីដាំដើមឈើចំនួន ២ពាន់ដើមនៅតាមផ្លូវ ព្រមទាំងចែកខិត្តបណ្ណផ្សព្វផ្សាយអំពីការបាត់បង់ព្រៃឈើចំនួន ៩០,០០០សន្លឹក។ នៅតាមភូមិស្រុកនីមួយៗ សម្ដេចព្រះមហាឃោសនន្ទ ទ្រង់បានធ្វើពិធីបំបួសដើមឈើដើម្បីបញ្ជាក់ពីពិសិដ្ឋភាពរបស់ធម្មជាតិ ព្រះអង្គមានព្រះរាជបន្ទួលថា “បន្ទាប់ពីការបំបួសនេះទៅ ដើមឈើនេះបានក្លាយជាព្រះសង្ឃ ប្រសិនបើជនណាម្នាក់សម្លាប់ដើមឈើនេះ ប្រៀបដូចជាសម្លាប់ព្រះសង្ឃ”។

ធម្មយាត្រាលើកទី៦ អំពីការផ្សះផ្សាជាតិ (១៩៩៧)

ធម្មយាត្រាលើកទី៦ នៅឆ្នាំ១៩៩៧ ជាព្រឹត្តិការណ៍មួយដ៏សំខាន់នៅក្នុងការផ្សះផ្សារវាងខ្មែរក្រហមជាមួយកងទ័ពរដ្ឋាភិបាល។ ធម្មយាត្រាលើកនេះបានដើរលើគន្លងចាស់មានស្នាមសោកនាដកម្មដូចធម្មយាត្រាលើកទី៣ ដែលបណ្ដាលឲ្យមានមនុស្សមួយចំនួនស្លាប់ដែរ។ ក្បួនធម្មយាត្រាបានកំណត់ការចេញដំណើរពីខេត្តបាត់ដំបង ឆ្ពោះទៅទីក្រុងប៉ៃលិន និងមកបញ្ចប់នៅខេត្តបន្ទាយមានជ័យ។ កាសែតភ្នំពេញប៉ុស្ដិបានរាយការន៍ថា ធម្មយាត្រាឆ្នាំនេះ មានអ្នកចូលរួមចំនួន ២៣០នាក់។ ក្នុងព្រះរាជបំណងដើម្បីការផ្សះផ្សាជាតិ សម្ដេចព្រះមហាឃោសនន្ទ ទ្រង់បានជំរុញឲ្យមានការលើកលែងទោសដល់ទាហានខ្មែរក្រហម រួមទាំងអ្នកគាំទ្រមួយចំនួន ដែលបានទទួលស្គាល់ចំពោះអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត ហើយលះបង់អំពើទាំងនោះចោល រួមទាំងលះបង់ចោលនូវអំពើហិង្សាក្នុងនោះដែរ គឺផ្ដល់ការលើកលែងទោសដល់មេបញ្ជាការខ្មែរក្រហម ដែលធ្លាប់បានដោះលែងអ្នកធ្វើធម្មយាត្រាកាលពីឆ្នាំ១៩៩៤។ ក្រោយក្បួនធម្មយាត្រាបានមកដល់ទីក្រុងប៉ៃលិនដោយសុវត្ថិភាព ហើយបានឈប់សំចតនៅទីនោះដើម្បីរៀបចំសេចក្ដីអំពាវនាវឲ្យមានសន្ដិភាព និងការផ្សះផ្សាជាតិ។ ពេល សម្ដេចព្រះមហាឃោសនន្ទ និងក្បួនធម្មយាត្រាមកដល់នោះ ក្រុមគ្រួសារខ្មែរក្រហម ដែលមិនធ្លាប់ឃើញ និងមិនបានស្គាល់អំពីធម្មយាត្រានាំគ្នាចេញមកមើលក្បួនដោយចំឡែក និងរំភើបចិត្តក្រៃពេក។ លោកអៀង សារីជាមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់លំដាប់ទី៣ បន្ទាប់ពីប៉ុល ពត និងខៀវ សំផនបានចេញមកស្វាគមន៍សម្ដេចព្រះមហាឃោសនន្ទ និងអ្នកដង្ហែព្រះអង្គ។ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៩៧នៅចំពោះព្រះភក្រ្ដនៃសម្ដេចព្រះមហាឃោសនន្ទ លោកអៀង សារីបានសន្យាទម្លាក់អាវុធ លោកបានប្រកាសថា ព្រះរាជវត្តមានរបស់សម្ដេចព្រះមហាឃោសនន្ទ ពិតជាមានសារសំខាន់ក្នុងការជួយលើកកម្ពស់ដល់ដំណើរការកសាងសន្ដិភាពនៅកម្ពុជា នៅពេលយើងស្វាគមន៍ធម្មយាត្រា បានបញ្ជាក់ថា យើងបានចូលជាមួយដំណើរការកសាងសន្ដិភាព ដែលចាប់ផ្ដើមអនុវត្ត ដូចជាការអប់រំប្រជាជនថា ប្រទេសកម្ពុជាមិនអាចរស់រានមាជីវិតជាជាតិឪសាសន៍មួយបានទេ ប្រសិនបើពុំមានសន្ដិភាព។

សម្ដេចព្រះមហាឃោសនន្ទ ទ្រង់បានដឹកនាំធម្មយាត្រាដែលមានរយៈពេលខ្លី២ដងទៀតនៅប្រទេសកម្ពុជា

- ធម្មយាត្រាលើកទី៧ បានប្រព្រឹត្តឡើងនៅតំបន់ទិសពាយព្យប្រទេស ដែលផ្ដោតជាសំខាន់លើបញ្ហាបរិស្ថាន។
-ធម្មយាត្រាលើកទី៨ បានចេញដំណើរពីខេត្តតាកែវ ហើយបានមកបញ្ចប់នៅខាងមុខព្រះរាជវាំងក្រុងភ្នំពេញ ដែលកំណត់គោលដៅផ្សព្វផ្សាយអំពីការបោះឆ្នោតដោយអហិង្សា។

ចាប់តាំងពីឆ្នាំ១៩៩៩មក សម្ដេចព្រះមហាឃោសនន្ទ បានដកព្រះកាយចេញពីដំណើរធម្មយាត្រា ដោយមូលហេតុព្រះរាជសុខភាព។

Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៤ គ.ស.២០២១