នាព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធ-សករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានរៀបចំកម្មវិធីការពារសារណាបញ្ចប់ការសិក្សារបស់សមណនិស្សិត និស្សិតថ្នាក់ឆ្នាំទី៤ ក្រោមអធិបតីភាព ព្រះធម្មឃោសាចារ្យ ជួន សាវឿន ព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ តំណាងដ៏ខ្ពស់ខ្ពង់ព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងសហការី ព្រះព្រហ្មសត្ថា ហេង សុខន ព្រះធម្មធរគណ ខេត្តបាត់ដំបង ព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង មួយអន្លើដោយព្រឹទ្ធបុរស គណៈកម្មការវាយតម្លៃសារណា សមណនិស្សិត និស្សិត ដែលជាបេក្ខភាពការពារសារណាទាំងអស់។
ពីធីដ៏ប្រកបដោយអត្ថន័យនេះប្រារព្ធឡើងនៅសាលលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ (សាលថ្មី) ព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា បានអានរបាយការណ៍ស្ដីពីព.ស.ស.ប.ប និង ស្ថិតិបេក្ខជន ដែលត្រូវការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅព.ស.ស.ប.ប និងបានលើកទឹកចិត្តដល់សមណនិស្សិត និស្សិតទាំងអស់ដែលបានខិតខំប្រឹងព្រែងពុះពាររហូតបានសរសេរបញ្ចប់សារណា របស់ខ្លួន និងផ្ដាំផ្ញើឱ្យខិតខំព្យាយាមបន្តទៅជំហានបន្ទាប់ទៀត។
លោក ជា សឿន អនុប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ជាបន្តបានឡើងអាននីតិវិធី និង បទបញ្ញត្តិនៃការការពារសារណាជូនដល់អង្គពិធីទាំងមូល។
ព្រះវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះធម្មឃោសាចារ្យ ជួន សាវឿន ក្នុងកម្មវិធីការពារសារណានេះ ព្រះអង្គបានមានដីកាដីសំណេះសំណាលជាមួយសមណនិស្សិត និសិ្សត ដែលជាបេក្ខជនទាំងអស់ត្រូវគោរពតាមបទបញ្ញត្តិដែលបានកំណត់ និងមិនត្រូវឱ្យខ្លាចគណៈកម្មការឡើយ ពិសេសត្រូវស្ដាប់សំណួរដែលគណៈកម្មការសួរឱ្យបានហ្មត់ចត់ ព្រោះការការពារសារណានេះធ្វើជាក្រុម ដូច្នេះត្រូវសហការគ្នាព្យាយាមឆ្លើយឱ្យបានសមរម្យត្រឹមត្រូវ ពោលគឺធ្វើយ៉ាងណាឱ្យគណៈកម្មការពេញចិត្តនិងទទួលយកបាន។ ព្រះអង្គបានបន្តទៀតថា ក្រោយពេលដែលការពារត្រូវបានបញ្ចប់ សូមជួបពិភាក្សាជាមួយគ្រូដឹកនាំយើងបន្ថែមទៀត ដើម្បីកែប្រែនៅចំណុចខ្វះខាតឬខុសឆ្គង ពោលគឺធ្វើយ៉ាងណាឱ្យអត្ថបទសារណារបស់យើងបានជាឯកសារមួយដែលអាចទុកចិត្តបានសម្រាប់សមណនិស្សិត និស្សិតជំនាន់ក្រោយបានយកជាគោ-ល។
គួរបញ្ជាក់ផងដែរថា នៅក្នុងការការពារសារណាឆ្នាំ២០២៣នេះ មានបេក្ខសមណនិស្សិត-និស្សិត ចំនួន១០៣រូប ឬ ២៣ក្រុម ដែលបែងចែកទៅតាមឯកទេសនីមួយៗដូចខាងក្រោម៖
¨ រដ្ឋបាលអប់រំ ចំនួន ៨ក្រុម សមណនិស្សិត និស្សិតចំនួន ៣៥រូប បព្វជិត ១២អង្គ, ស្រី ១៣នាក់, ប្រុស ១០នាក់
¨ នីតិសាស្ត្រ ចំនួន ៣ក្រុម សមណនិស្សិត និស្សិត ចំនួន ១៤រូប បព្វជិត ៤អង្គ, ស្រី ៩នាក់, ប្រុស ១នាក់
¨ គ្រប់គ្រងទូទៅ ចំនួន ៣ក្រុម សមណនិស្សិត និស្សិត ចំនួន ១៥រូប បព្វជិត ២អង្គ, ស្រី ៩នាក់, ប្រុស ៤នាក់
¨ អក្សរសាស្ត្រអង់គ្លេស ចំនួន ៣ក្រុម សមណនិស្សិត និស្សិតចំនួន ១៤រូប បព្វជិត ២អង្គ, ស្រី ៩នាក់, ប្រុស ៣នាក់
¨ អក្សរសាស្ត្រខ្មែរ ចំនួន ៦ក្រុម សមណនិស្សិត និស្សិតចំនួន ២៥រូប បព្វជិត ៤អង្គ, ស្រី ១៧នាក់, ប្រុស ៤នាក់។