ដំណើរទស្សនកិច្ចលោកជំទាវ ខៀវ ស៊ីណា Post Date: 11 January , 2021


នៅរសៀលថ្ងៃសៅរ៍ ០៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង មានកិត្តិយសដ៏ខ្ពង់ខ្ពស់បានទទួលការអញ្ជើញមកទស្សនកិច្ច និង សួរសុខទុក្ខ ពីសំណាក់លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ធំ និង សហការី ប្រមាណ ២៥នាក់។ ក្នុងដំណើរទស្សនកិច្ចនិងការសាកសួរសុខទុក្ខនេះ លោកជំទាវ និង សហការី មានសទ្ធាជ្រះថ្លាបាននាំយកមកនូវកុំព្យូទ័រលើតុចំនួន ២គ្រឿង កុំព្យូទ័រយួរដៃចំនួន ៥គ្រឿង ម៉ាស៊ីនបោះពុម្ពចំនួន ១គ្រឿង ប៊ិចជាច្រើនឡូ និង ថវិកាមួយចំនួនទៀត ប្រគេនដល់សាខាពុទ្ធិកសាកលវិទ្យាល័យ ដើម្បីជួយសម្រួលដល់ភាពខ្វះខាតនិងទុក្ខលំបាកនៅក្នុងដំណើរការនៃការបំពេញការងារ និង ការបណ្តុះបណ្តាលធនធានសមណនិស្សិត និស្សិត នាពេលបច្ចុប្បន្ននេះ។

ព្រះយសបញ្ញា វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង មានដីកាស្វាគមន៍ចំពោះក្រុមទស្សនកិច្ចរបស់លោកជំទាវថា សាខាពុទ្ធិកសាកលវិទ្យាល័យ គឺជាគ្រឹះស្ថានអប់រំរបស់រដ្ឋ មានបេសកកម្មក្នុងការបណ្តុះបណ្តាលធនធានសមណនិស្សិត និស្សិត ទូទៅ ជាពិសេសសមណនិស្សិត និសិ្សតដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបាន។ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យបើកសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅទីតាំងខេត្តបាត់ដំបង នាឆ្នាំ២០០៨ រួចមក ក្រុមការងារមួយក្រុមតូច បានចាប់ផ្តើមប្រមែប្រមូលធនធាន ក្រោមការឧបត្ថម្ភពីសប្បុរសជនក្នុង និង ក្រៅប្រទេស ជាពិសេសគឺការយកចិត្តទុក្ខដាក់និងការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ រួមជាមួយអាជ្ញាធរខេត្តតាំងពីជំនាន់ឯកឧត្តម ប្រាជ្ញ ច័ន្ទ អតីតអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង រហូតដល់ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ននេះ។ ក្នុងឆ្នាំ ២០១០ តាមរយៈឯកឧត្តម ប្រាជ្ញ ច័ន្ទ អគារសិក្សាថ្មីមួយខ្នង កម្ពស់ពីរជាន់ មាន ១០ បន្ទប់ និង សាលប្រជុំមួយ ជាជំនួយផ្ទាល់ពីសម្តេចអគ្គធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាជាតិ ត្រូវបានកសាងឡើង ដើម្បីជួយសម្រួលការលំបាកដល់ដំណើរការអប់រំរបស់សាខាពុទ្ធិកសាកល ដែលកំពុងខ្វះខាតយ៉ាងខ្លាំងនាពេលនោះ។ ដោយសារជំនួយសប្បុរសទាំងនេះ បានធ្វើឱ្យសាខាពុទ្ធិកសាកលវិទ្យាល័យមានការរីកចម្រើនគួរឱ្យសម្គាល់។

ទោះបីជាយ៉ាងណាក៏ដោយ ក៏បច្ចុប្បន្នភាពនេះ សាខាពុទ្ធិកសាកលវិទ្យាល័យនៅមានការខ្វះខាតច្រើន ទាំងផ្នែកសម្ភាររូបវន្ត ធនធានមនុស្ស និង ហិរញ្ញវត្ថុ ដែលកត្តាទាំងនេះ គឺជាធាតុដ៏សំខាន់បំផុតក្នុងការពង្រឹងគុណភាពសិក្សា ឆ្លើយតបទៅនឹងស្តង់ដាររបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជារបស់ក្រសួងអប់រំយុវជន និង កីឡា។

ព្រះប្រធានសាខាតំណាងគណៈគ្រប់គ្រងទាំងមូល មានសេចក្តីសោមនស្សត្រេកអរ ជ្រះថ្លា យ៉ាងក្រៃលែងចំពោះទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ ឯកឧត្តម បណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោកជំទាវ ព្រមទាំងសហការី ដែលបានឧបត្ថម្ភសម្ភារសិក្សា និង ក្រុមការងារបច្ចេកទេសសម្រាប់រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យក្នុងសាខាពុទ្ធិកសាកលវិទ្យាល័យ ជាពិសេស ការឧបត្ថម្ភដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននោះគឺអគារសិក្សាថ្មីមួយខ្នងក្រោមគំនិតផ្តួចផ្តើមរបស់ព្រះមុនីកោសល យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យា ល័យព្រះសីហនុរាជ និង ជាអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកទទួលបន្ទុកភូមិភាគពាយ័ព្យ។ អគារសិក្សាថ្មីនេះ មានបណ្តោយ៣០ម៉ែត្រ ទទឹង ១៨.៨០ ម៉ែត្រ កម្ពស់ ៣ជាន់ មាន១២បន្ទប់ សាលប្រជុំធំមួយ និង បន្ទប់អនាម័យមួយចំនួនទៀត ដែលនឹងដំណើរការសាងសង់នៅពេលខាងមុខនេះ។

នេះជាមហាទានដ៏ប្រពៃថ្លៃថ្លា ចាត់ជាជាសេនាសនទានផង ជាធម្មទានផង ព្រោះជាទាន ដែលនឹងចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ដោយចំពោះគឺផ្នែកពុទ្ធិកសិក្សាដែលគ្រឹះដ៏រឹងមាំ ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនានៅ កម្ពុជាឱ្យមានការរីកចម្រើន និង តាំងនៅបានយូរអង្វែង។ មានមតិសំណេះសំណាលនៅក្នុងពិធីនេះ លោកជំទាវ ខៀវ ស៊ីណា តំណាង ឯកឧត្តម បណ្ឌិត ជា ចាន់តូ និង សហការី បានមានប្រសាសន៍ថា លោកជំទាវ មានសេចក្តីសោមនស្សរីករាយជ្រះថ្លា ដោយមើលឃើញពីការខិតខំប្រឹងប្រែងធ្វើការងារដើម្បីប្រយោជន៍រួមពីស្ថាប័នព្រះសង្ឃ ជាពិសេសផ្នែកពុទ្ធិកសិក្សាដែលតាំងពីបុរាណកាលមក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ជួយដល់សមណនិស្សិត និស្សិត ចេញពីត្រកូលក្រីក្រ ឱ្យមានឱកាសបានសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះ កសាងសមត្ថភាព មានអនាគតភ្លឺថ្លា អាចជួយខ្លួនឯង គ្រួសារ និង ចូលរួមអភិវឌ្ឍសង្គមបានតាមលទ្ធភាព និង សមត្ថភាព។ បច្ចុប្បន្ននេះលោកជំទាវ និង សហការី កំពុងយកចិត្តទុកដាក់ក្នុងការកសាងអគារថ្មីៗ និង ជួសជុលអគារចាស់ៗ នៅតាមបណ្តាវត្តអារាមនានា ដើម្បីរក្សាតម្លៃកេរមរតកដូនតាដែលបានបន្សល់ទុកមក និង ដើម្បីបានជាកន្លែងសម្រាប់បណ្តុះបណ្តាល អប់រំ ទាំងផ្នែកស្មារតី និង ចំណេះដឹងដល់កុលបុត្រខ្មែរជំនាន់ក្រោយ។

បន្ទាប់ពីប្រគេនសម្ភារ និង ថវិការួចរាល់ហើយ គណៈគ្រប់គ្រង បានអញ្ជើញលោកជំទាវ និង សហការី ទៅពិនិត្យមើលការរៀបចំនៅបណ្ណាល័យ មាន បន្ទប់កុំព្យូទ័រ និង ការរៀបចំទុកដាក់សៀវភៅឯកសារផ្សេងៗ។ ក្រោយពិនិត្យមើលការរៀបចំ រួចហើយ លោកជំទាវមានការកោតសរសើរចំពោះគំនិតច្នៃប្រឌិតខិតខំរៀបចំបណ្ណាល័យបានស្អាត មានសោភណភាព និង មានឯកសារល្អៗ ជាពិសេសឯកសារចំណាស់ៗជាច្រើនសម្រាប់ស្រាវជ្រាវ។ ស្របពេលជាមួយគ្នានោះដែរ លោកជំទាវបានចាប់អារម្មណ៍លើកុំព្យូទ័រដែលកំពុងប្រើប្រាស់ក្នុងបន្ទប់កុំព្យូទ័រ ឃើញមានសភាពចាស់ណាស់ទៅហើយ មិនអាចឆ្លើយតបទៅនឹងកម្មវិធីសម័យបច្ចេកវិទ្យានាពេលបច្ចុបន្ននេះបានឡើយ។ ដោយមើលឃើញនូវបញ្ហាលំបាកនេះ លោកជំទាវ បានសម្រេចប្រគេនកុំព្យូទ័រមួយចំនួនបន្ថែមទៀត ដើម្បីបំពាក់ក្នុងបន្ទប់កុំព្យូទ័រ សម្រាប់ជាប្រយោជន៍ដល់សមណនិស្សិត និស្សិត មានភាពងាយស្រួលក្នុងការស្រាវជ្រាវ។ ជាងនេះទៅទៀត លោកជំទាវនឹងបញ្ជូនក្រុមការងារផ្នែកបច្ចេកវិទ្យាឱ្យមករៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការរៀបចំបន្ទប់កុំព្យូទ័រឱ្យបានត្រឹមត្រូវល្អ ក្នុងពេលឆាប់ៗនេះ។

ជាចុងក្រោយលោកជំទាវបានបន្ថែមថា លោកជំទាវ និង ក្រុមគ្រួសារ ព្រមទាំងសហការី នឹងបន្តជួយឧបត្ថម្ភតាមលទ្ធភាព ដើម្បីរួមចំណែកកសាងធនធានមនុស្ស ដែលជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការ រីកចម្រើន សម្បូរសប្បាយ និង សុខសន្តិភាព។

សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានសម្តែងនូវសេចក្តីដឹងគុណ ត្រេកអររីករាយឥតឧបមា ចំពោះទឹកចិត្តសទ្ធាជ្រះថ្លាដ៏មហាប្រពៃនេះ។ តំណាងគណៈគ្រប់គ្រងទាំងមូល ព្រះប្រធានសាខាបានថ្លែងអំណរគុណចំពោះលោកជំទាវ និង ក្រុមការងារ និងប្រសិទ្ធពរបវរសួស្តី ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ សូមកើតមានដល់លោកជំទាវ និង ក្រុមគ្រួសារ ព្រមទាំងសហការីកុំបីឃ្លាតក្លាយទៅជាប្រការដទៃឡើយ៕

រូបភាពប្រគេនបច្ច័យ៤

លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ បវារណាបច្ច័យបួនប្រគេនព្រះសង្ឃនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង។


ពិនិត្យប្លង់អគារសិក្សាថ្មី

ព្រះយសបញ្ញា វី សុវិជ្ជា ព្រះប្រធានសាខា បាននាំលោកជំទាវ និង សហការី ពិនិត្យមើលប្លង់អគារសិក្សាថ្មី ។


Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៤ គ.ស.២០២១