សេចក្តីផ្តើម Post Date: 11 May , 2020


សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ដែលត្រូវបានបង្កើតឡើងតាម ប្រកាសលេខៈ ១៧៥ អយក.ប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការបង្កើតសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅទីរួមខេត្តបាត់ដំបង មានអក្សរ កាត់ថា ព.ស.ស.ប.ប។ ពុទ្ធិកសាខាសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង មានទីតាំងស្ថិតនៅក្នុងវត្តដំរីស ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានដំណើរការបណ្តុះបណ្តាលធនធានសមណនិស្សិត និស្សិត កម្រិតឧត្តមសិក្សា តាមកម្មវិធីបណ្តុះបណ្តាលរបស់ពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ (ភ្នំពេញ) និង ស្របតាមកម្មវិធីដែលចង្អុលបង្ហាញដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និង ក្រសួងធម្មការ និង សាសនា ។

ដោយឡែក នៅឆ្នាំ២០១៩ ដើម្បីផ្ដល់ឱកាសដល់សមណនិស្សិតនិងនិស្សិតបានសិក្សាស្រាវជ្រាវ កាន់តែស៊ីជម្រៅផ្នែកពុទ្ធសាសនា ទស្សនវិជ្ជា និង មុខវិជ្ជាពាក់ព័ន្ធជាច្រើនផ្សេងទៀត ស្រមតាមកំណើននិងតម្រូវការរបស់និស្សិតដែលចង់បន្ដការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅមូលដ្ឋាន កាន់តែច្រើនឡើងៗ និង ជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរទៅសិក្សានៅទីតាំងគោលនោះ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ត្រូវបានអនុញាតពីពុទ្ធិកសាកលវិទ្យល័យព្រះសីហនុរាជ ទីតាំងគោលនៅរាជធានីភ្នំពេញ អោយមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួនបីឯកទេស គឺឯកទេសទស្សនវិជ្ជា ឯកទេសគ្រប់គ្រងអប់រំ និង ឯកទេសអក្សរសាស្រ្ដខ្មែរ។

១. វត្ថុបំណង

វគ្គសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ( ព.ស.ប.ប.) មានបំណងផ្ដល់ឱកាសដល់ សមណនិស្សិត និស្សិត សិក្សាស្វែងយល់ស៊ីជម្រៅ និង មានសមត្ថភាពវិភាគ បកស្រាយលើទស្សនៈ និង បញ្ហាពាក់ព័ន្ធនានា។

២. ភាសាយាន

ភាសាខ្មែរ គឺជាភាសាយាន ដោយមានភាសាបរទេសជាភាសាជំនួយ។

៣. ថេរវេលាសិក្សា

-សិក្សាមានរយៈពេលពីរឆ្នាំបែងចែកជា ៤ឆមាស ក្នុងឆមាសនីមួយៗមានរយៈពេល ៥ខែ និងការសរសេរនិក្ខេបបទបញ្ចប់។
-ក្នុងមួយ ឆមាស សមណនិស្សិត និស្សិតត្រូវសិក្សា៤មុខវិជ្ជា ដែលមានមុខវិជ្ជាចម្បងនិងមុខវិជ្ជាជ្រើសរើស។

៤. ការបំពេញបែបបទចូលរៀន

-ការទទួលពាក្យចូលរៀននឹងប្រព្រឹត្តទៅ តាមការប្រកាសជួនដំណឹងជាសាធារណៈរបស់ ព.ស.ស.ប.ប តាមប្រព័ន្ធផ្សព្វផ្សាយនានា។
-ទម្រង់ពាក្យសុំចូលរៀន ទាំងអស់នឹងត្រូវបានកំណត់ដោយ ព.ស.ស.ប.ប។
-បេក្ខជនត្រូវដាក់ពាក្យសុំចូលរៀន ដោយភ្ជាប់មកជាមួយនូវ សញ្ញាបត្រ ដែលបានថតចម្លងត្រឹមត្រូវ ព្រមទាំងឯកសារពាក់ព័ន្ធដទៃទៀត។ សាលាមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើសុំឯកសារពាក់ព័ន្ធផ្សេង ទៀតក្នុងករណីចាំបាច់។
-ពាក្យសុំចូលរៀនដែលបានបំពេញត្រឹមត្រូវ គប្បីយកមកប្រគល់ជូនគណៈគ្រប់គ្រងនៃព.ស.ស.ប.ប តាមពេល វេលាដូចដែលបានកំណត់នៅក្នុងសេចក្ដីប្រកាសជូនដំណឹង។
-ពាក្យសុំចូលរៀននីមួយៗនឹងត្រូវពិនិត្យវាយតម្លៃ និងសម្រេចដោយគណៈ គ្រប់គ្រងនៃព.ស.ស.ប.ប។ ក្នុងករណីចាំបាច់ គណៈគ្រប់គ្រងអាចតម្រូវឲ្យបេក្ខជន មកបង្ហាញខ្លួន ឬធ្វើការប្រឡងផ្ទាល់ មាត់មុននឹងអនុញាត ឱ្យចូលរៀន។

៥.ការចុះឈ្មោះចូលរៀន

-បេក្ខជនដែលត្រូវបានអនុញាតឲ្យចុះឈ្មោះចូលរៀនត្រូវអនុវត្តតាមបទបញ្ញាតិ្ត និង លក្ខខណ្ឌនានារបស់ ព.ស.ប.ប។
-បេក្ខជនដែលមិនបានផ្ដល់នូវឯកសារគ្រប់គ្រាន់ នៅពេលចុះឈ្មោះដំបូង នឹងត្រូវបានចុះឈ្មោះជាសមណនិស្សិត និស្សិត បណ្ដោះអាសន្ន ហើយនៅពេលផ្ដល់ ឯកសារគ្រប់គ្រាន់បេក្ខជននឹងក្លាយទៅជាសមណនិស្សិត និស្សិតពេញសិទ្ធិ។
-បេក្ខជនដែលបានដាក់ពាក្យ សុំចូលរៀនរួចហើយត្រូវឆ្លងកាត់ ការប្រឡងវាយតម្លៃដើម្បីទទួលបានសិទ្ធិចូលរៀន។
-សមណនិស្សិត និស្សិតដែលបានចុះឈ្មោះចូលរៀនត្រូវមករៀនឲ្យបានទៀងទាត់ និង បំពេញលក្ខខណ្ឌសិក្សាឲ្យបានគ្រប់គ្រាន់រហូតដល់បញ្ចប់វគ្គសិក្សា។

៦.ការដកពាក្យ និងការព្យួរការសិក្សា

-សមណនិស្សិត និស្សិតដែលបានចុះឈ្មោះចូលរៀនហើយ ប៉ុន្ដែមិនអាចបន្ដការសិក្សាបាន អាចស្នើសុំព្យួរការសិក្សាជាលាយលក្ខណ៍អក្សរមក កាន់គណៈគ្រប់គ្រងហើយអាចដាក់ពាក្យ សុំចូលរៀនសារជាថ្មីក្នុងរយៈពេលកំណត់។
-ពុទ្ធិកសាកលវិទ្យាល័យនឹងលុបឈ្មោះសមណនិស្សិត និស្សិតចេញពីបញ្ជីក្នុងករណីសមណនិស្សិត និស្សិតមិនអាចបំពេញតាមលក្ខខណ្ឌនៃការសិក្សា។
-ការព្យូរការសិក្សា នឹងមិនអនុញាតលើសពី មួយឆ្នាំឡើយ។

៧.ការប្រឡង

-សមណនិស្សិត និស្សិតដែលបានសិក្សាមុខវិជ្ជានីមួយៗរួចហើយ ត្រូវប្រឡងបញ្ចប់មុខវិជ្ជាទាំងនោះជាចាំបាច់។
-សមណនិស្សិត និស្សិត ដែលមានសិទ្ធិប្រឡងបញ្ចប់មុខវិជ្ជានីមួយៗ ទាល់តែបំពេញលក្ខខណ្ឌនៃការសិក្សាគ្រប់គ្រាន់។
-សមណនិស្សិត និស្សិតដែលបានបញ្ចប់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អាចស្នើសុំលិខិតបញ្ជាក់ការសិក្សា ឬ សញ្ញាបត្របណ្ដោះអាសន្នពី ព.ស.ស.ប.ប.។
-ពិធីប្រគល់សញ្ញាបត្រ នឹងត្រូវ រៀបចំនៅថ្ងៃ និង ពេលវេលាសមស្របណាមួយដែលកំណត់ដោយ ព.ស.ស.ប.ប។

៨.ប្រព័ន្ធក្រេឌីត

វគ្គសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នឹងរៀបចំតាមប្រព័ន្ធក្រេឌីត។ មុខវិជ្ជាចម្បងនិងមុខវិជ្ជាជ្រើសរើសនីមួយៗទទួលបាន៣ក្រេឌីត។
-មុខវិជ្ជា ចម្បង មាន២៤ ក្រេឌីត
-មុខវិជ្ជាជ្រើសរើស មាន១៨ ក្រេឌីត
-និក្ខេបបទ មាន១២ ក្រេឌីត
-សរុបទាំងអស់ មាន ៥៤ ក្រេឌីត។

៩.ប្រព័ន្ធពិន្ទុសម្រាប់ការសិក្សាមុខវិជ្ជា

ប្រព័ន្ធពិន្ទុសម្រាប់ការសិក្សាមុខវិជ្ជា

ពិន្ទុ

ចំណាត់ថ្នាក់

មធ្យមភាគ

និទ្ទេស

៩៥-១០០ A+ ៤.០០ ល្អប្រសើរ
៨៨-៩៤ A ៣.៧០ ល្អណាស់
៨១-៨៧ B+ ៣.៣៥ ល្អ
៧៤-៨០ B ៣.០០ ល្អបង្គួរ
៦៧-៧៣ C+ ២.៥០ បង្គួរ
៦០-៦៦ C ២.០០ មធ្យម
០០-៥៩ C ០.០០ ធ្លាក់

១០.ការវាយតម្លៃ និងការផ្ដល់ពិន្ទុ

-ការមករៀនទៀងទាត់ ត្រូវបាន ១០ពិន្ទុ

-កិច្ចការស្រាវជ្រាវ ត្រូវបាន ២០ពិន្ទុ

-ការប្រឡងត្រីមាស ត្រូវបាន ៣០ពិន្ទុ

-ការប្រឡងឆមាស ត្រូវបាន ៤០ពិន្ទុ

១១.ប្រព័ន្ធពិន្ទុសម្រាប់ការវាយតម្លៃនិក្ខេបបទ

ប្រព័ន្ធពិន្ទុសម្រាប់ការវាយតម្លៃនិក្ខេបបទ

ពិន្ទុ

ចំណាត់ថ្នាក់

មធ្យមភាគ

និទ្ទេស

៩៤-១០០ A+ ៤.០០ ល្អប្រសើរ
៨៦-៩៣ A ៣.៧០ ល្អណាស់
៧៨-៨៥ B+ ៣.៣៥ ល្អ
៧០-៧៧ B ៣.០០ ល្អបង្គួរ
៦៧-៧៣ C+ ២.៥០ បង្គួរ
០០-៦៩ F ០.០០ ធ្លាក់

១២.ការបង់ថ្លៃ

-ការបង់ថ្លៃសម្រាប់កម្មវិធីសិក្សានីមួយៗ នឹងត្រូវកំណត់ដោយគណៈគ្រប់គ្រងនៃ ព.ស.ស.ប.ប។
-ការចំណាយក្នុងការសរសេរនិងការ ការពារនិក្ខេបបទ គឺជាបន្ទុករបស់សមណនិស្សិត និស្សិត គ្រប់រូប។
-រាល់ការបង់ថ្លៃសិក្សាដែលបានធ្វើរួច ហើយមិនអាចសុំដកវិញបានឡើយ។

Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៥ គ.ស.២០២១